ASEAN urges developed nations to stay committed to Paris Agreement

,

Thmey Thmey Media Online, Bonn, Germany

SUMMARY: The ASEAN regional grouping called upon developed nations to honor and fulfill their commitments to climate mitigation including providing funds and supporting the region in promoting low-carbon economy. The group also urged the Green Climate Fund to facilitate access to funding. 
 
Bonn៖ បណ្តា​ប្រទេស​អាស៊ាន​ទទូច​ឲ្យ​ប្រទេស​អភិវឌ្ឍ​គោរព​ការសន្យា​របស់ខ្លួន​ក្នុង​ការជួយ​គាំទ្រ​ប្រទេស​កំពុង​អភិវឌ្ឍ​ដើម្បី​អនុវត្ត​គម្រោង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​ជាពិសេស​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ​អនុលោម​តាម​កិច្ចព្រមព្រៀង​ប្រែប្រួល​អាកាសធាតុ​ក្រុងប៉ារីស​។​

បណ្តា​ប្រទេស​អាស៊ាន​បាន​អំពាវនាវ​ទៅកាន់​បណ្តា​ប្រទេស​ជា​ភាគី​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ដែល​កំពុង​ចូលរួម​ក្នុង​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី ២៣ នៅ​ទីក្រុង Bonn ប្រទេស​អាល្លឺម៉ង់​ឲ្យ​រក្សា​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុង​ដើម្បី​ចូលរួម​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​ជាពិសេស​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ​។ 
 
«​អាស៊ាន​អំពា​នាវ​ឲ្យ​ប្រទេស​អភិវឌ្ឍ​គោរព និង​បំពេញ​តាម​ការប្តេជ្ញាចិត្ត​បន្ថយ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​ដោយ​ក្នុងនោះ​មានការ​ផ្តល់​ហិរញ្ញវត្ថុ​ដែលមាន​ទំហំ ១០០​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ស្របតាម​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​»​។ នេះ​បើតាម​សេចក្តី​ថ្លែង​ការណ៍​រួម​ដែល​អាស៊ាន​ត្រូវ​បានថ្លែង​ដោយសមាជិកព្រឹទ្ធ​សភាហ្វីលីពីនលោកស្រី Loren B.Legarda តំណាងរដ្ឋាភិបាលហ្វីលីពីននៅ​សម័យប្រជុំ​ពេញអង្គ​នៃ​សន្និសីទ​អាកាសធាតុ​។ 
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ​អាស៊ាន​ក៏​ទ​ទួ​ច​ឲ្យ មូលនិធិ Green Climate Fund នៃ អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ (UNFCCC) ឲ្យ​ជួយ​សម្រួល​ដល់​ការទទួលបាន​កញ្ចប់​ហិរញ្ញវត្ថុ​របស់​ប្រទេស​អាស៊ាន និង​ប្រទេស​ដទៃទៀត​ដែរ​។ 
 
​ក្រោម​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ប្រទេស​ជា​ភាគី ១៩៧ បាន​ឯកភាពគ្នា​ធ្វើយ៉ាងណា​កម្រិត​កំណើន​សីតុណ្ហភាព​កុំ​ឲ្យ​លើសពី ២ អង្សា​សេ នៅត្រឹម​ឆ្នាំ ២១០០​។ លើសពីនោះ​វា​ក៏មាន​ការឯកភាព​គ្នា​ប្រមែរ​ប្រមូល​ជំនួយ​ហិរញ្ញវត្ថុ​ឲ្យ​បាន​ក្នុង​មួយឆ្នាំ ១០០​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ ២០២០​ដើម្បី​គាំទ្រ​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ​នៅ​ប្រទេស​កំពុង​អភិវឌ្ឍ​ដែរ​ក្រោម​គោលការណ៍​បញ្ហា​ប្រឈម​រួមគ្នា ទំនួល​ខុសត្រូវ​ផ្សេងគ្នា​តាម​ស្ថានភាព​របស់​ភាគី​នីមួយៗ​។​
 
​ដោយឡែក អាស៊ាន​ស្នើ​ឲ្យ​ប្រទេស​រីកចម្រើន​បន្ថែ​មការ​គាំទ្រ​ដើម្បី និង​លើកស្ទួយ​សេដ្ឋកិច្ច​ដែល​បញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ទាប​នៅ​អាស៊ាន និង​បង្កើន​ភាព​ធន់​ទប់ទល់​អាកាសធាតុ​នៃ​ទីក្រុង​នៅ​អាស៊ាន​។ អង្គការ​តំបន់​នេះ​ក៏​ទទូច​ឲ្យ​បណ្តា​ភាគី​ហត្ថលេខី​បន្ត​គាំទ្រ និង​ផ្តល់​មធ្យោបាយ​ដល់​អាស៊ាន​ក្នុងការ​អនុវត្ត​ដំណោះស្រាយ​នៃ​ការប្រែប្រួល​អាកាសធាតុ​ផង ជាពិសេស​ជួយ​ពង្រឹងសមត្ថភាព​ឆ្លើយតប​របស់​អាស៊ាន​ដើម្បី​បន្សាំ​នឹង​ការប្រែប្រួល​អាកាសធាតុ និង​កាត់បន្ថយ​គ្រោះថ្នាក់​ស្ថិតក្រោម​កិច្ចព្រមព្រៀង​អាស៊ាន​ស្តីពី​ការគ្រប់គ្រង​និង​ឆ្លើយតប​គ្រោះមហន្តរាយ​( AADMER) 
 
​សូមបញ្ជាក់ថា សេចក្តីថ្លែងការណ៍​រួម​នេះ​ត្រូវ​ព្រាង​ឡើង​ដោយ​ក្រុមការងារ​អាស៊ាន​ទទួលបន្ទុក​ប្រែប្រួល​អាកាសធាតុ​ដែលមាន​សិង្ហ​បុរី​ជា​ប្រធាន ហើយ​វា​ត្រូវបាន​អនុម័ត​ជា​ផ្លូវការ​ដោយ​មេដឹកនាំ​អាស៊ាន​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ថ្ងៃ ១៤ ខែវិច្ឆិកា​៕